Saturday, April 22, 2017

អភិបាល​រាជធានី​ភ្នំពេញ​ព្រមាន​ចាប់​សត្វ​ឆ្កែ​បោះ​ទៅលើ​ឡាន​បើ​នៅតែ​បណ្ដើរ​សត្វ​ឆ្កែ​នៅលើ​សួនច្បារ​សាធារណៈ


អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បានដាក់​បទបញ្ជា​យ៉ាង​ដាច់​ណាត់ ដោយ​ហាម​ប្រជាពលរដ្ឋ​បណ្ដើរ​សត្វ​ឆ្កែ​​នៅលើ​សួនច្បារ​តទៅទៀត ពីព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​បញ្ហា​សន្ដិសុខ ជាពិសេស​ភ្ញៀវ​អន្ដរជាតិ​និង​ពលរដ្ឋ​ផ្សេងទៀត ដែល​ហាត់ប្រាណ​និង​ដើរលេង​កំសាន្ដ នៅលើ​សួនច្បារ​ទាំងនោះ​។​
​    ​
​អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ បានចេញ​សេចក្ដី​ព្រមាន​ថា បើ​ប្រជាពលរដ្ឋ​ទាំងឡាយណា នៅ​បន្ដ​បណ្ដើរ​សត្វ​ឆ្កែ​នេះ​ទៀត​សមត្ថកិច្ច​​និង​អាជ្ញាធរ​នឹង​ចាប់​សត្វ​ឆ្កែ​បោះ​ទៅលើ​ឡាន ហើយ​ដឹក​មក​សាលាខណ្ឌ​។​
​    ​
​វិធានការ​នេះ​ត្រូវបាន​លោក ប៉ា សុជាតិ​វង្ស ដាក់ចេញ​ក្នុង​កិច្ចប្រជុំ​របស់​គណៈបញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២១ ខែមេសា​នេះ ដោយមាន​ការចូលរួម​ពី​គ្រប់​កងកម្លាំង និង​អាជ្ញាធរ​ក្រោម​ឱវាទ ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាច្រើន​អង្គភាព​ចូលរួម​។​
​    ​

​លោក ប៉ា សុជាតិ​វង្ស បាន​ឲ្យ​ដឹងថា សួនច្បារ​វិមានឯករាជ្យ អាជ្ញាធរ​ខណ្ឌចំការមន​ត្រូវធ្វើ​ឲ្យ​បាន​ពោលគឺ​មិន​ឲ្យ​មានការ​ដឹក​ឆ្កែ​ឡើង​សួនច្បារ​ទៀត​ទេ​ដោយ “...​កន្លងមកនេះ​យើង​បាន​ទាំង​ដាក់​ស្លាក​សញ្ញា ហាម​មិន​ឲ្យ​ឆ្កែ​ចូល ប៉ុន្តែ​ការហាម​តាមរយៈ​ស្លាក​សញ្ញា​នេះ ហាក់​មិន​ប្រសិទ្ធភាព​សោះ ដោយ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​នាំ​សត្វ​ឆ្កែ មក​ជុះអាចម៍​ដាក់​លើ​សួនច្បារ​ដ​ដែរ​ជាដ​ដែរ​។​ដូច្នេះ​ទេ​អាជ្ញាធរ​រ​​បស់​យើង ត្រូវតែមាន​វិធានការ​ហើយ គឺ​ត្រូវ​ចាប់​សត្វ​ឆ្កែ​ទាំងអស់នោះ ដាក់​លើ​រថយន្ត​បញ្ជូនមក​សាលាខណ្ឌ​ហើយ​លើ​បញ្ហា​នេះ​បើ​ត្រូវ​ពឹង​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​ក្រុង គឺ​ក្រុង​ចុះជួយ​ភ្លាម​...”​។​
​    ​
​លោក​អភិបាល​រាជធានី បាន​បញ្ជាក់ថា “...​សួនច្បារ​ធ្វើ​អស់​លុយ​ច្រើនណាស់ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​យើង​ក៏ដូចជា​ភ្ញៀវ​ជាតិ​-​អន្តរជាតិ បាន​លំ​ហែល​កាយ និង​ហាត់ប្រាណ មិនមែន​ធ្វើ​ឲ្យ​សត្វ​ឆ្កែ​ហាត់ប្រាណ និង​ជុះអាចម៍​ដាក់​នោះទេ​...​ជាងនេះទៅទៀត ឆ្កែ​នេះ​វា​បាន​រំខាន​ទៅដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ទៀតផង​ដោយ​ពួកគាត់​ខ្លាច​ឆ្កែ​...”​។​
​    ​

​ក្រៅពី​មាន​វិធានការ​ចំពោះ​សត្វ​ឆ្កែ មិន​ឲ្យ​ឡើងលើ​សួនច្បារ​ហើយ​នោះ លោក ប៉ា សុជាតិ​វង្ស ក៏បាន​ដាក់បទបញ្ជា ឲ្យ​អាជ្ញាធរ​ខណ្ឌចំការមន​មាន​វិធានការ​ចំពោះ​ការលក់ដូរ រំលោភ​យក​សួនច្បារ​ក្បែរ​នាគ​បាញ់​ទឹក​ផងដែរ ដោយ​លោក​បញ្ជាក់ថា សួនច្បារ គឺ​សួនច្បារ​មិនមែន​សម្រាប់​ឲ្យ​ពួកគាត់​លក់ដូរ បង្ក​ឲ្យ​បាត់បង់​សណ្ត​ប់​ធ្នាប់​នោះទេ ហើយ​ទីតាំង​នេះ គឺ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ដោយសារតែ​អ្នកទិញ​ចត​យានយន្ត​ពេញ​ផ្លូវ ដូច្នេះ​ទេ​អាជ្ញាធរ​ខណ្ឌចំការមន ត្រូវតែ​អនុវត្ត​លើ​វិធានការ​ទាំង​២​ខាងលើនេះ ឲ្យ​មាន​ប្រសិទ្ធភាព​៕
ប្រភព៖ rasmeinews.com


0 comments: