ប្ដីប្រពន្ធទាំងពីរនាក់ជាអ្នកធ្វើការក្នុងទីក្រុងដូចគ្នា ហើយមង្គលការរបស់ពួកគេក៏មិនបានរៀបចំជាកម្មវិធីធំដុំអ្វីឡើយ ព្រោះចំណូលរបស់ខាងប្រុសមិនសូវជាធូរធារ។ រាល់ថ្ងៃគេត្រូវចេញពីផ្ទះទៅធ្វើការតាំងពីម៉ោង ៦ព្រឹក ទម្រាំត្រលប់មកផ្ទះវិញគឺម៉ោង ៦ល្ងាច។ ដោយឡែកប្រពន្ធគឺជាអ្នកធ្វើការតូចតាចនៅផ្សារទំនើប ហើយម៉ោងចេញចូលធ្វើការក៏មិនសូវទៀង ដូច្នេះហើយអ្នកទាំងពីរក៏មិនសូវមានពេលវេលាជាមួយគ្នា។
បុរសប្ដីមានអារម្មណ៍ថាទំនាក់ទំនងពួកគេកំពុងមានបញ្ហា ដោយអ្នកទាំងពីរសូម្បីតែពេលវេលាញ៉ាំបាយជាមួយគ្នាក៏សឹងតែគ្មាន។ ប៉ុន្តែសម្រាប់ប្រពន្ធ រឿងនេះនាងមិនបានចាប់អារម្មណ៍អ្វីឡើយ ដូច្នេះខាងប្ដីក៏សម្រេចចិត្តទិញកង់មួយទុកជិះត្រលប់មកផ្ទះវិញដើម្បីធ្វើអាហារថ្ងៃត្រង់ រួចហើយហូបបាយជុំគ្នាជាមួយប្រពន្ធ។ ដំបូងឡើយនាងមិនបានយល់ពីទង្វើរបស់ប្ដីទេ ប៉ុន្តែក្រោយពីបានឃើញសភាពរបស់ប្ដីដែលខំធាក់កង់ក្រោមថ្ងៃក្ដៅ នាងក៏ចាប់ផ្ដើមទន់ចិត្ត និងចាប់ផ្ដើមធ្វើអាហារថ្ងៃត្រង់និងរង់ចាំគេមកហូបជាមួយគ្នាវិញ ហើយពេលខ្លះទាំងពីរនាក់ក៏ចេញពីផ្ទះទៅធ្វើការជាមួយគ្នា។
ពេលបើកស្រោមសំបុត្រមើល ក៏ឃើញសៀវភៅធនាគារមួយនៅក្នុងនោះ ហើយចំនួនលុយក្នុងគណនីនោះមានតែ ៤០ដុល្លារប៉ុណ្ណោះ។ បន្ទាប់ពីនោះប្ដីរបស់នាងក៏ដើរចេញមក និងនិយាយថា «ចាប់ពីពេលនេះទៅបងនឹងផ្ញើលុយមួយខែ ៤០ដុល្លារ ចាត់ទុកថាជាប្រាក់បន្ថែមសម្រាប់អូន ត្បិតការងារអូនក៏មិននឹងនរ។ បងចាប់ផ្ដើមសន្សំលុយទុកឲ្យអូនតាំងពីយើងមិនទាន់រៀបការ អនាគតទៅអូនចង់យកលុយហ្នឹងទៅធ្វើអ្វីក៏បាន ត្បិតតែប្រាក់ខែបងមិនច្រើន តែបងសន្យាថានឹងមាន ៤០ដុល្លារឲ្យអូនរៀងរាល់ខែ»។
ដើម្បីរក្សាពាក្យសន្យា បុរសជាប្ដីត្រូវធ្វើការថែមម៉ោងជាប្រចាំ សល់ពេលទំនេរក៏ឆ្លៀតទៅធ្វើការនៅរោងចក្រថែមទៀត។ នាងមានអារម្មណ៍ថាការងាររបស់ប្ដីធ្ងន់ពេកហើយ នាងមិនចង់ឲ្យគេត្រូវនឿយហត់បែបនេះទេ ប៉ុន្តែប្ដីនាងនៅតែធានាថានឹងធ្វើគ្រប់យ៉ាង និងមិនឲ្យនាងបារម្ភឡើយ។ ដូច្នេះនាងបានត្រឹមតែត្រៀមកន្សែងពោះគោ និងទឹកតែឲ្យគេប៉ុណ្ណោះ។ អ្នកធ្វើការរួមគ្នាជាច្រើនក៏ច្រណែនបុរសរូបនេះ ដោយគិតថាប្ដីប្រពន្ធនេះពិតជាស្រឡាញ់គ្នាខ្លាំងណាស់។
៤ឆ្នាំក្រោយមក អ្នកទាំងពីរក៏បានទិញផ្ទះតូចមួយដើម្បីរស់នៅដោយខ្លួនឯង។ នៅពេលរើឥវ៉ាន់ នាងក៏បានបើកមើលរូបថតរៀបការរបស់ពួកគេទាំងពីរ។ ខ្លួននាងក្នុងរូបថតនោះមានស្នាមញញឹមប្រកបដោយក្ដីសុខ មើលហើយនាងមានអារម្មណ៍ថាខ្លួនឯងមានសុភមង្គលមែនទែន។ រហូតដល់ពេលនេះទើបនាងដឹងថា ការពិតទៅជីវិតរបស់នាងមានក្ដីសុខខ្លាំងណាស់។
ភ្លាមនោះប្ដីរបស់នាងក៏ចូលមក និងហុចសៀវភៅធនាគាររបស់គេឲ្យនាងជាអ្នកទុក ព្រោះកន្លងមកគេគឺជាអ្នកទុក។ នៅពេលនាងបើកសៀវភៅធនាគារនោះមើលម្ដងទៀត នាងក៏ស្លុតចិត្តយ៉ាងខ្លាំងព្រោះ ខុសពីលុយ ៤០ដុល្លារកាលនោះ ពេលនេះវាបានកើនតួលេខរាប់រយ រាប់ពាន់ដង។ នាងរំជួលចិត្តរហូតស្រក់ទឹកភ្នែក។ ប្ដីរបស់នាងញញឹមនិងនិយាយថា «ការពិត ពេលខ្លះបងក៏ខ្លាច ខ្លាចថាបងនឹងស៊ូមិនបាន ប៉ុន្តែបងតែងនិយាយជាមួយខ្លួនឯងរហូតថា រង់ចាំបន្តិចទៅ ថ្ងៃមួយអូននឹងងាកមកស្រឡាញ់បង រហូតដល់ថ្ងៃនោះគ្រប់យ៉ាងដែលបងធ្វើ វានឹងមានតម្លៃ មើលចុះ ឥលូវនេះបងធ្វើបានហើយ»។
អ្នកទាំងពីរឱបគ្នាយ៉ាងមានក្ដីសុខ។ ខណៈនេះទើបនាងដឹងថា ខ្លួនឯងបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេដោយមិនដឹងខ្លួនជាយូរមកហើយ៕
0 comments:
Post a Comment