កំពង់ស្ពឺ៖ រឿងហេតុដ៏នឹកស្មានមិនដល់ ដែលបានកើតឡើង លើ ប្អូនស្រីបង្កើត របស់តារាសម្តែងស្រី លី មុនីនាថ បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង ដែលមហាជន ពិតជាចង់ដឹងពី មូលហេតុយ៉ាងច្បាស់ ថាតើ ដំណើរដើមទងរឿងមួយនេះ ដូចម្តេចខ្លះ។
ដើម្បីឲ្យអស់ចម្ងល់ តារាសម្តែងស្រី លី មុនីនាថ ក៏បានចេញសារមួយយ៉ាងវែងអន្លាយ ទាក់ទងនឹងរឿងប្អូនស្រីនាង ដែលគ្រប់គ្នា កំពុងតែចង់ដឹងចេញពីមាត់នាងផ្ទាល់ ព្រោះថា មានតែនាងទេ ដែលអាចបញ្ជាក់បាន ថារឿងហេតុនេះ កើតឡើងមកពីមូលហេតុអ្វី ឲ្យពិតប្រាកដ។
ក្នុងនោះរូបនាង បានសរសេរថា «នាងខ្ញុំឈ្មោះលី មុនីនាថ សុំជំនួសមុខគ្រួសារនាងខ្ញុំទាំងមូលនៃរឿងរ៉ាវពាក់ព័ន្ធ នៃការមរណភាពប្អូនស្រីនាងខ្ញុំឈ្មោះ លី មុនីរដ្ធានី ដែលមានព័ត៌មានខ្លះមានការភ័ន្តច្រឡំការស្លាប់ដោយសារ តែគិតថាប្អូនស្រីនាងខ្ញុំបានទៅរត់ប្រឡែងប៉ាតម្ស៉ៅគ្នាជាមួយក្មេងស្ទាវៗ និងបានទៅរត់ជាន់ខ្សែភ្លើង ដោយក្នុងវ័យអាយុ18 ឆ្នាំទើបធ្វើឲ្យ ប្អូននាងខ្ញុំបាត់បង់ជីវិត ។
នាងខ្ញុំសុំចេញសារមួយបកស្រាយ ចំពោះការមរណភាពរបស់ប្អូនស្រីនាងខ្ញុំឈ្មោះ លី មុនីរដ្ធានី ទៅដល់បងប្អូនទាំងនៅក្នុងបណ្តាញសង្គម FB ឲ្យបានដឹង និងជ្រាបច្បាស់ នៅយប់ថ្ងៃទី16 ខែ មេសា ឆ្នាំ 2017 ជាយប់ថ្ងៃចូលឆ្នាំបង្ហើយខ្ញុំ និងប្អូនស្រីនាងខ្ញុំរួមទាំងមិត្តភក្តិខ្ញុំចំនួន7នាក់ទៀត បានទៅលេងកម្សាន្ត នៅតំបន់ Pub Street ហើយ ពួកខ្ញុំបានឈរលេងបាញ់ទឹកជាមួយគ្នានៅមុខហាងមួយកន្លែងមានឈ្មោះថា អង្គរហើុប & ផ្ទះម៉ាស្សា Baray Spa ពួកខ្ញុំលេងរហូតដល់វេលាម៉ោង 11:40 នាទីយប់ដោយសារតែលេងហត់ហើយឃ្លានផងក៏បានហៅដំឡូងបំពងមួយចានមកញ៉ាំ ជាមួយគ្នា និងត្រៀមរៀបចំទៅផ្ទះទៅហើយ ប៉ុន្តែដោយចៃដន្យប្អូននាងខ្ញុំបានទៅច្រត់ដៃទៅលើបង្គោលដែកតូចមួយ ដែលនៅចន្លោះកណ្តាលនៃហាងទាំងពីរនោះ (អង្គរហើុប & ផ្ទះម៉ាស្សា Baray Spa ) តែភ្លាមៗនោះខ្ញុំបានឃើញប្អូនស្រីខ្ញុំឆក់ រួចខ្ញុំក៏ស្ទុះទៅជួយក៏ឆក់រួមទាំងខ្ញុំផងដែរ ហើយពេលនោះមានមិត្តភកិ្តប្រុសម្នាក់មកជួយទាញសង្រ្គោះខ្ញុំ និងប្អូនស្រីខ្ញុំរួចគេក៏ចាប់បី ប្អូនខ្ញុំសង្រ្គោះបឋមហើយក៏ឃើញមិនស្រួលមិត្តភក្តិខ្ញុំទាំងអស់បានជួយ និងចាប់បីប្អូនខ្ញុំរត់យកទៅពេទ្យបង្អែកខេត្តសៀមរាប ខ្ញុំនិងមិត្តខ្ញុំខ្លះបានស្រែកទៅជួយវែកសុំផ្លូវ ដើម្បីយកប្អូនទៅពេទ្យសង្រ្គោះបន្ទាន់នៅពេទ្យបង្អែកខេត្តសៀមរាមហើយ ខ្ញុំក៏ទូរស័ព្ទទៅបងស្រីបង្កើត ដែលមកលេងនៅសៀមរាបជាមួយមិត្តគាត់ដែរ ប៉ុន្តែដោយអកុសលប្អូនខ្ញុំបានផុតទៅហើយ ដោយសារតែបងស្រីបង្កើតខ្ញុំមិនអស់ចិត្ត ក៏បានបញ្ចូនទៅមន្ទីពេទ្យរ៉ូយ៉ាល់អង្គរបន្តទៀត ប៉ុន្តែនៅតែមិនអាចជួយប្អូនបាន ជាអកុសលខ្លាំងមែនទែននៅក្នុងឆាកជីវិតនាងខ្ញុំ ដោយនាងខ្ញុំនេះជាបងស្រីមិនអាចជួយប្អូនសោះ ប្អូនខ្ញុំទើបតែមានអាយុ13 ឆ្នាំ និងឈាន ចូល 14 ឆ្នាំទៅហើយមិនគួរណាប្អូនកើតរឿងបែបនេះសោះ ជាចុងក្រោយនាងខ្ញុំ លី មុនីនាថ និងគ្រួសារខ្ញុំទាំងមូលសុំសំណូមពរ ដល់សមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យប្អូនស្រីនាងខ្ញុំផង និង សំណូមពរដល់សារព័ត៌មានទាំងអស់ ឈប់ចេញផ្សាយព័ត៌មានមិនពិតទៀត ហើយនៅពេលនេះ ក្រុមគ្រួសារខ្ញុំទាំងមូលកំពុងតែមានទុក្ខធំជាទម្ងន់សុំមេត្តាពុកម៉ែបងប្អូនព្រម ទាំងមិត្តភក្តិទាំងអស់ សុំចូលរួមរំលែកទុក្ខដល់ប្អូនស្រីខ្ញុំផង ។ ឥឡូវនេះសពកំពុងតែតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
0 comments:
Post a Comment